កណ្តាល៖ នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តា តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,៤៣២,៥០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ជូនគ្រួសារសព លោកវរសេនីយ៍ត្រី ហាយ សុភាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកល្វាឯម ដែលបាន ទទួលមរណភាពដោយ រោគាពាធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះលោកមេបញ្ជាការ បានលើកឡើងថា នេះជាការសបញ្ជាក់ឲ្យឃើញពីទឹកចិត្តនិងការសាមគ្គី ជួយគ្នា របស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ហើយថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ តំណាងឲ្យគ្រួសារសព បានថ្លែងអំណរអរគុណចំពោះទឹកចិត្តនិងការលះបង់របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរទាំង ៥ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។