You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី-ភារកិច្ច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី-ភារកិច្ច

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបើកកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី-ភារកិច្ច និងបទបញ្ជាទូទៅរបស់ថ្នាក់លើប្រគល់ជូន កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ណែនាំដល់លោកមេបញ្ជាការរងទទួលជំនាញ លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកក្រោមឱវាទរបស់ខ្លួនត្រូវអនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានខ្ជាប់ខ្ជួន ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួលទៅតាមបរិបទនៃជំងឺកូវីដ-១៩ នោះទេ ។

 

ហើយអាវុធហត្ថគ្រប់រូបត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងគោរពវិន័យឱ្យបានត្រឹមត្រូវតាមឋានានុក្រមផងដែរ ពិសេសអាវុធហត្ថគ្រប់រូបមិនត្រូវប្រព្រឹត្តអំពើខុសច្បាប់ឡើយ មានដូចជាការរុករានទន្ទ្រានដីរដ្ឋ ព្រៃឈើ និងជួញដូរ ប្រើប្រាស់គ្រឿងញៀន រួមទាំងបទល្មើសផ្សេងទៀតផងដែរ ។

 

លោកមេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន ។

 

ជាចុងបញ្ចប់លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ដែលបានយកចិត្តទុកដាក់ទាំងការអនុវត្តតួនាទី-ភារកិច្ច និងការថែទាំជំរុំជំរកព្រមទាំងគ្រឿងបំពាក់បរិក្ខា ក៏ដូចជាការដាំដុះ និងចិញ្ចឹមសត្វគ្រប់ប្រភេទដើម្បីផ្គត់ផ្គង់ដល់ការហូបចុករបស់កងកម្លាំងផងដែរ។

 

លោកមេបញ្ជាការបានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីយកឈ្នះមេរោគកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀតឱ្យបានជោគជ័យ ព្រមទាំងចូលរួម បង្ការ បង្រ្កាប និងសង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិផងដែរ ៕