កងរាជអាវុធហត្ថ សូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាប ៖ អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ពេលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹកនាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផងដែរ។
កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រង ដឹកនាំ បញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប។