កំពង់ធំៈ នៅវេលាម៉ោង១៦ និង០០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឃុន បុ៊នហួរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយ៍ ខេត្តកំពង់ធំ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ត្រី ឃុន បុ៊នហួរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ បាន ប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឌឹម សំណាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយ៍ ខេត្តកំពង់ធំ។
លោក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៣០ក្រាម
០២. ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាត់ការបន្តតាមនីតិវិធី។