សៀមរាបៈ យុវជនមួយក្រុមមានគ្នាចំនួន០៧នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះគឺជាមុខសញ្ញា ដែលកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការតាមដានជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថ មានឱកាសក្នុងការឃាត់ខ្លួន។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៤៨ក្រាម
០២. ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០៥គ្រាប់
០៣. ទូរស័ព្ទចំនួន ០៧គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី។