ព្រៃវែងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន នៅវេលាម៉ោង១៣ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សេង រ៉ុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំកំពង់សឹង ស្រុកព្រះស្តេច។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងពីជនសង្ស័យរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ និងទូរស័ព្ទចំនួន០១គ្រឿង ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះសេ្តច កសាងសំណុំរឿង ដើម្បីបញ្ជូនបន្តទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចាត់ការបន្តតាមនីតិវិធី។