កណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កណ្តាល លោកឧត្តសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជួបសំណេះសំណាល និងបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រធានមន្ទីរទាំង៧ មេបញ្ជាការ វរអន្តរាគមន៍ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំង១១ ដើម្បីយកទៅចែកជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សម្រាប់យកទៅប្រើប្រាស់ក្នុងរដូវរងារខាងមុខនេះ។ លោក មេបញ្ជាការ បានមានប្រសាសន៍ថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចទាំងទ្វេរដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខ និងសុខមាលភាព របស់កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងមូល ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច អនុវត្តតួនាទី ភារកិច្ច និងការងារស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្រ្កាប និងសង្រ្គោះ យកអស់ស្មារតីទទួលខុសត្រូវ ឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាចុងក្រោយ លោកមេបញ្ជាការ ក៏បានអប់រំណែនាំពីក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ក្នុងនាមជាមន្រ្តីប្រតិបត្តិច្បាប់ ហើយបានអប់រំណែនាំអំពីការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីព្រៃ នៅតាមបឹងទន្លេសាប ព្រមទាំងបានអប់រំណែនាំពីវិធានការណ៍ ៣ការពារ ៣កុំ របស់ក្រសួងអភិបាលឲ្យបានម៉ឺងម៉ាត់ផងដែរ។