កណ្តាលៈ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំង នាយ នាយរង ពលអាវុធហត្ត ពុទ្ធបរិស័កជិតឆ្ងាយ
បានអញ្ជើញចូលរួមបោះបាយបិណ្ឌ និងវេរចង្ហាន់ ទេយ្យវត្ថុប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ នៅវត្តទេពរង្សី ស្រុកពញាឮ ខេត្តកណ្តាល។
នៅវេលាម៉ោង៤និង០០នាទី ទៀបភ្លឺថ្ងៃនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងនាយ នាយរង ពលអាវុធហត្ថ បានអញ្ជើញបោះបាយបិណ្ឌដែលជាជំនឿសាសនាតាំងពីបុរាណរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិក។
នៅព្រលឹមម៉ោង៤ព្រឹក ប្រជាពលរដ្ឋតែងតែនាំគ្នាដើរទៅវត្ដអារ៉ាមនានានៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណីដែលធ្វើរួចជាស្រេចដាក់ក្នុងចាន ឬស្បោងដើម្បីទៅវត្ដ។ ការបោះបាយបិណ្ឌជាជំនឿអរូបិយមួយផងដែរ ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក ដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែល បានចែកឋានទៅបរលោក។
នៅវេលាម៉ោង៩និង០០នាទីថ្ងៃដដែល បានបន្តប្រារព្ធពិធីជាកិច្ចបង្ហើយបុណ្យ ដោយវេរចង្ហាន់និងទេយ្យវត្ថុប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។
ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិ្ទសកោសលឲ្យទៅជីដូនជីតា បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានទទួលមរណភាពទៅកាន់សុគតិភព។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានប្រគេនថវិកាដែលជាបច្ច័យចំនួន៣១.៩៥០.០០០រៀលផងដែរ។