You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អប់រំផ្សព្វផ្សាយដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អប់រំផ្សព្វផ្សាយដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ

ភ្នំពេញៈ នៅព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើពិធីផ្សព្វផ្សាយស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ចំនួនប្រមាណជាង​៥០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ។ល។
ដោយមានការអនុញ្ញាតិពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងធ្វើការផ្សព្វផ្សាយអំពីព្រឹត្តការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងទៅ និងធ្វើបទបង្ហាញអំពីកងរាជអាវុធហត្ថដូចជា បញ្ហាព្រំដែន, តួនាទី ភារកិច្ចទទួលខុសត្រូវ ស្របតាមរចនាសម្ព័ន្ធ, សិទ្ធិនិងកាតព្វកិច្ចក្នុងនាមជាអាវុធហត្ថ, សិទ្ធិនិងករណីកិច្ចក្នុងនាមជាប្រជាពលរដ្ឋ, ការកសាងខ្លួនឱ្យក្លាយជាអាវុធហត្ថឆ្នើម គំរូ និងមានស្នាដៃល្អ, ការគោរពវិន័យ និងសាមគ្គីឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយបទបញ្ជា ៦ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានបញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ, ជាកងឯកភាពមួយក្នុងចំណោមកងឯកភាពផ្សេងទៀតរបស់កងទ័ព ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមទាំងមូលក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ លើសពីនេះទៀត កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច និងបំពេញបេសកកម្មខុសពីកងទ័ពដូចជា៖ រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល, រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ, បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួងនានាដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។
ផ្អែកតាមភារកិច្ចខាងលើ កងរាជអាវុធហត្ថជាទាហានច្បាប់និងបំពេញករណីយកិច្ចប្រកបដោយភាពទៀងត្រង់នីតិនិយមនិងអព្យាក្រឹត្យ ព្រមទាំងមានវិន័យនិងសីលធម៌ល្អថែមទៀត។ កងរាជអាវុធហត្ថជាកូនចៅរបស់ប្រជាពលរដ្ឋជាអ្នកការពារ បម្រើប្រជាពលរដ្ឋ។ គោលការណ៍នៃសកម្មភាពរបស់កងរាជអាវុធហត្ថគឺ បង្ការ បង្ក្រាប និងសង្គ្រោះ។ តាមទស្សនៈនេះ កម្លាំងកងរាជអាវុធហត្ថជាកម្លាំងបម្រើសេវាសាធារណៈមួយដ៏ចាំបាច់និងមិនអាចខ្វះបាន ដើម្បីធានាបរិយាកាសល្អដល់ការអភិវឌ្ឍសង្គមជាតិ ការកាត់បន្ថយភាពក្រីក្រ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងជាទំនុកចិត្តដល់វិនិយោគិន ធុរជន ក្នុងការប្រកបរបរ អាជីវកម្ម និងជំនួញផ្សេងៗ។ ដូច្នេះហើយបានជាកងរាជអាវុធហត្ថក្លាយជាឧបករណ៍បម្រើរដ្ឋ ការពារប្រជាពលរដ្ឋ នឹងកំពុងធ្វើឱ្យមានទំនុកចិត្តដល់សាធារណជនជាតិនិងអន្តរជាតិ។
សកម្មភាពរបស់កងរាជអាវុធហត្ថត្រូវកំណត់ដោយច្បាប់។ ព្រោះថា បើគ្មានអត្ថបទច្បាប់ចែងទេគឺគ្មានសកម្មភាពឡើយ។ ដូចនេះ កងរាជអាវុធហត្ថចាំបាច់ត្រូវតែប្រតិបត្តិនូវសកម្មភាពនៃទង្វើរបស់ខ្លួនទៅតាមគោលការណ៍ជាមូលដ្ឋានដែលកំណត់ឡើងដោយច្បាប់។ រាល់ប្រតិបត្តិការរបស់កងរាជអាវុធហត្ថ គឺធ្វើឡើងក្រោមការដឹកនាំនិងបញ្ជាពីអាជ្ញាធរឋានានុក្រម តាមលក្ខណៈពិសេសៗនៃបេសកកម្មរបស់ខ្លួន ហើយការបញ្ជានេះត្រូវស្ថិតក្រោមរូបភាពនៃនីត្យានុកូលភាព។ ករណីមិនគោរព ឬផ្ទុយពីគោលការណ៍នីត្យានុកូលភាពនាំឱ្យសកម្មភាពរបស់កងរាជអាវុធហត្ថខុសទៅនឹងច្បាប់។
ហេតុនេះ គ្រប់សកម្មភាពទាំងឡាយរបស់កងរាជអាវុធហត្ថដែលប្រព្រឹត្តទៅត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់និងយ៉ាងសុក្រឹតបំផុត ដោយស្ថិតក្នុងក្របខណ្ឌនៃអត្ថបទច្បាប់ដែលមានចែង គឺពុំអាចធ្វើអ្វីហូសពីព្រំដែន ឬការធ្វេសប្រហែស ឬក៏ការមិនគោរពកាតព្វកិច្ចណាមួយឡើយ។ បណ្តាទង្វើ ឬប្រតិបត្តិការដែលអនុវត្តផ្ទុយនឹងច្បាប់ ក្នុងករណីនោះត្រូវទទួលទោស ព្រមទាំងទទួលវិន័យទណ្ឌកម្មតាមបញ្ញត្តិនៃវិធានដែលមានចែងក្នុងច្បាប់ជាធរមាន។
ការប្រព្រឹត្តទៅនៃកងរាជអាវុធហត្ថត្រូវស្ថិតនៅក្រោមរបបគតិយុត្តមួយច្បាស់លាស់ គឺរបបគតិយុត្តនៃនីតិសាធារណៈ ព្រោះរាល់សកម្មភាពនៃការធ្វើអន្តរគមន៍របស់កងរាជអាវុធហត្ថត្រូវស្ថិតនៅក្រោមបញ្ជាពីអាជ្ញាធរឋានានុក្រមដូចមានចែងក្នុងមាត្រា២ “រាជរដ្ឋាភិបាលគ្រប់គ្រងបញ្ជាប្រើប្រាស់យោធា នគរបាល កម្លាំងប្រដាប់អាវុធផ្សេងៗទៀត និងរដ្ឋបាលក្នុងការធ្វើសកម្មភាពរបស់ខ្លួន” នៃច្បាប់ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០២/នស/៩៤។ ហើយនៅក្នុងមាត្រា១និងមាត្រា២នៃអនុក្រឹត្យលេខៈ ៧៧ អនក្រ ក៏មានចែងថា “កងរាជអាវុធហត្ថត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី” “នាយករដ្ឋមន្ត្រីជាអ្នកកំណត់ក្របខណ្ឌសកម្មភាពទូទៅ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកទទួលខុសត្រូវលើផ្នែករដ្ឋបាលទូទៅ និងជាអ្នកផ្តល់សម្ភារៈ និងថវិកាសម្រាប់ផ្គត់ផ្គង់កងរាជអាវុធហត្ថ។ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មានភារៈគ្រប់គ្រងសំដៅហ្វឹកហ្វឺន កសាងរៀបចំ កងរាជអាវុធហត្ថ”។
ដូច្នេះគ្រប់សកម្មភាពរបស់កងរាជអាវុធហត្ថ ត្រូវអនុវត្តតាមបណ្តាវិធានទាំងឡាយដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធដូចជា៖ រដ្ឋធម្មនុញ្ញ, ក្រមនីតិវិធីព្រហ្ម-ទណ្ឌ, ក្រមព្រហ្មទណ្ឌ, ច្បាប់ស្តីពីបាតុកម្មដោយអហិង្សា, ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ, ច្បាប់ស្តីពីការប្រឆាំងនឹងអំពើភេរវកម្ម, ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកង-យោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ, អនុក្រឹត្យស្តីពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ, អនុក្រឹត្យស្តីពីឯកសណ្ឋាននិងផ្លាកសញ្ញាកង-រាជអាវុធហត្ថ…។
រយៈពេលជាង២២ឆ្នាំនេះ កងរាជអាវុធហត្ថបានបង្កើតនូវស្នាដៃនិងសមិទ្ធផលក្នុងការរួមចំណែកយ៉ាងសំខាន់ជាមួយសមិទ្ធផលរួមរបស់កងយោធពលខេមរភូមិន្ទនិងប្រទេសជាតិ។ ជាក់ស្តែង យើងបានបង្ក្រាបបទល្មើស ពង្រឹងការអនុវត្តច្បាប់ រក្សាស្ថិរភាព ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយមហន្តរាយផ្សេងៗ។ ចំណុចលេចធ្លោរយៈពេលចុងក្រោយនេះ គឺយើងបានធ្វើការទប់ស្កាត់នូវឧបាយកលបង្កចលាចល ប្រឆាំងដាច់ខាតចំពោះបដិវត្តន៍ពណ៌ ដើម្បីបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ បំផ្លាញនីតិរដ្ឋ និងឯកភាពជាតិ ពីសំណាក់មជ្ឈដ្ឋានជ្រុលនិយម។

IMG_9484

IMG_9483

IMG_9482

IMG_9500

IMG_9497

IMG_9494

IMG_9492

IMG_9491

IMG_9490

IMG_9493