កំពង់ចាមៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សៀម ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១០ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិប្រសំ ឃំុរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាមប្រភពពត៌មានពីលោកអនុសេនីយ៍ទោ ខៃ ឆុនសេង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ឡូត ម៊ាឡាយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម
០២. លន់ ណាទិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ០.២៣ ក្រាម
០២. ទូរស័ព្ទចំនួន០២គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យទាំង០២នាក់ បានសារភាពថា រូបគេនៅមានបក្ខពួក ចំនួនម្នាក់ទៀត ឈ្មោះ ឆាយ បូរា ហៅអេក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្ទះជួលភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះប្រតិបត្តិការ ដោយឃាត់ខ្លួនជនសង្ស័យនោះបានភ្លាមៗ ដោយចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ ដែលមានទម្ងន់ស្មើ ៣.៩០ ក្រាម
០២. ទូរស័ព្ទចំនួន០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។