បន្ទាយមានជ័យៈ យោងតាមពាក្សបណ្ដឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់ជនរងគ្រោះឈ្មោះ ហៀង ប៊ុនសៀង ភេទប្រុស អាយុ១៨ឆ្នាំ និងឈ្មោះ ហៀង ប៊ុនហេង ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២នាក់ជាបងប្អូនបង្កើត រស់នៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះខឹម សំអាង និងឈ្មោះ ខ្វាន់ អំពីករណីហិង្សាដោយចេតនា។ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
បានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ខឹម សំអាង ភេទប្រុស អាយុ១៦ឆ្នាំ នៅវេលាម៉ោង១៤ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តសមាធិផល ស្ថិតក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងថា តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ០២នាក់បងប្អូនបានរៀបរាប់ថា នៅវេលាម៉ោង១២ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នេះក្នុងពេលដែលពួកគេបានជិ:ម៉ូតូទៅយកបាយនៅឯវត្តសមាធិផល ហើយបានត្រឡប់មកផ្ទះវិញ ស្រាប់តែឈ្មោះ ខឹម សំអាង និងឈ្មោះ ខ្វាន់ បានយកកំណាត់ឈើនិងដែកគប់មកលើពួកគេ បណ្ដាលអោយរងរបួសចញ្ចើមស្ដាំទាំង០២នាក់តែម្ដង។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា ជនសង្ស័យឈ្មោះ ខឹម សំអាង បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ហើយបក្សពួករបស់គេឈ្មោះខ្វាន់ បានប្រើកណ្ដាប់ដៃវាយទៅលើជនរងគ្រោះឈ្មោះហៀង ប៊ុនសៀង មូលហេតុដោយ០២នាក់បងប្អូន បានខាំមាត់និងញាក់ចញ្ចើមដាក់ពួកគេ។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងស្នាមរបួសរបស់ជនរងគ្រោះព្រមទាំងមានវត្ថុតាងគ្រប់គ្រាន់ផងនោះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកឈ្មោះ ខ្វាន់ ដែលបានគេចខ្លួនក្រោយពីធ្វើសកម្មភាពហើយនោះ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្តទៀត។