បន្ទាយមានជ័យៈ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់ជនរងគ្រោះ ឈ្មោះ ប៊ុន កា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងទៅលើឈ្មោះ លី វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទ រំលោភលើទំនុកចិត្ត។ ដែលប្រព្រឹត្តនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា
ក្រោយពីទទួលបានពាក្យបណ្ដឹងរួចហើយ ទើបនៅទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកបានចេញលិខិតអញ្ជើញឈ្មោះ លី វណ្ណ: អោយចូលមកកាន់បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ លោកវរ:សេនីយ៍ត្រី ជា ដា បានអោយដឹងទៀតថា ក្រោយពីសាកសួរដឹងរឿងហើយ និងដោយមានបទបញ្ជាពី លោក មេញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ថា បើតាមការស្ដាប់ចម្លើយរបស់ដើមបណ្ដឹងឈ្មោះ ប៊ុន កា បានរៀបរាប់ថា ខ្លួនបានទំនាក់ទំនងរកស៊ីបើកគណនេយ្យតាមប្រពន្ធអនឡាញក្នុងកាស៊ីណូ ដោយឈ្មោះ លី វណ្ណ: យកមកលក់បន្ត។ ដើមបណ្ដឹងបានរៀបរាប់បន្តទៀតថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះ លី វណ្ណ: បានទូទាត់បញ្ជីរួចរាល់អស់។ ដោយឡែកចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា នេះបញ្ជីគណនេយ្យដែលត្រូវឈ្មោះ លី វណ្ណ: ទូទាត់មកអោយនោះដែលមានទឹកប្រាក់ចំនួន១លាន១សែន៤ម៉ឺន៥រយ១៦បាត(ប្រាក់ថៃ) ប៉ុន្តែឈ្មោះ លី វណ្ណ: មិនព្រមប្រគល់អោយដូចសព្វដងនោះឡើយ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ចំណែកឈ្មោះ លី វណ្ណ: បានឆ្លើយសារភាពថា រូបគេពិតជាបានរកស៊ីបើកគណនេយ្យតាមប្រពន្ធអនឡាញក្នុងកាស៊ីណូជាមួយដើមបណ្ដឹងពិតប្រាកដមែន ហើយក៍បានទូទាត់បញ្ជីអោយដើមបណ្ដឹងអស់ដែរនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ប៉ុន្តែនៅថ្ងៃទី៥ ដល់ថ្ងៃទី២៥ ខែកញ្ញា នេះខ្លួនគេពិតជាមិនបានទូទាត់ដូចដើមបណ្ដឹងបានរៀបរាប់ពិតប្រាកដមែន ដោយសាររូបគេបានយកទៅអោយអ្នកផ្សេងលក់បន្ត ហើយគេមិនបានទូទាត់សាច់ប្រាក់អោយរូបគេដែរ ទើបរូបគេមិនមានប្រាក់ទូទាត់អោយដើមបណ្ដឹង។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ដោយបានស្ដាប់ចម្លើយដើមបណ្ដឹង និងបានចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់នៃបទល្មើសយ៉ាងជាក់លាក់។ ដូច្នេះជនសង្ស័យឈ្មោះ លី វណ្ណ: ត្រូវបានអាវុធជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។