ស្ទឹងត្រែងៈ នៅវេលាម៉ោង២២ និង០០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុច ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ជាអ្នកបើកបរ រួមទាំងវត្ថុតាង មួយចំនួនរួមមានៈ
០១. រថយន្តប្រភេទស៊ាំយ៉ុង ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ពេញមួយរថយន្ត (មិនទាន់វាស់វែង)។
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងរៀបចំឯកសារ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។