កណ្តាល៖ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០២១ លើកទិសដៅការងារប្រចាំឆ្នាំ២០២២ ផ្សព្វផ្សាយផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីផ្សេងនាពេលខាងមុខ និងណែនាំ ផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះលោក មេបញ្ជាការ ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ នាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថ គ្រប់ជាន់ថ្នាក់ ទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែង ដោយឆន្ទះនិងភាពទទួលខុសត្រូវខ្ពស់ បម្រើការងារតាមតួនាទីភារកិច្ច មិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិសេសការងារបង្ការ បង្ក្រាប និងសង្គ្រោះ ក្នុងរយៈពេលមួយឆ្នាំកន្លងមកបានល្អប្រសើរគួរជាទីមោទនៈ។