ដោយអនុវត្តន៍តាមការណែនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនយោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះផងដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ (Pfizer) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕