សៀមរាបៈ គួររំលឹកឡើងវិញថា កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ បុរសវ័យកណ្តាលម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីលួច ស្ថិតនៅចំណុច ផ្ទះសំណាក់ អុឹង ឡុង ស្ថិតនៅភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការសាកសួរតាមនីតិវិធី។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចជាច្រើនលើកមកហើយ និងពេលលួចបានម្តងៗ រូបគេតែងតែយកទៅលក់បន្តអោយបក្ខពួកចំនួន០២នាក់ទៀត នៅទីក្រុងភ្នំពេញ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានផ្តល់ដំណឹងទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសុំការសហការ បន្ត ចាប់ខ្លួនជនសង្ស័យដែលជាបក្ខពួកនោះ។ លុះដល់វេលាម៉ោង១០ និង០០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ដែលជាបក្ខពួកនោះ ស្ថិតនៅចំណុចមុខវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យទាំង០២នាក់នោះ មានឈ្មោះ ៈ
០១. ជា ចំណាប់ ភេទប្រុស អាយុ៤៨ មុខរបរទទួលបញ្ចាំ (នៅក្នុងណាហ្គាវើល) ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ
០២. យឺន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតូនីសប ទីលំនៅបច្ចុប្បន្ន ម្ដុំបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានី បានបញ្ចូនមក ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យបានសារភាពថា រូបគេតែងតែទទួល ទិញរបស់របរ បន្តពីជនសង្ស័យទី០១ នៅពេលដែលជនសង្ស័យទី០១ លួចបានម្តងៗ ពីកន្លែងផ្សេងៗ។
ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនផងដែរ។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។