ក្រចេះ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការស្ពានចំនួន០៧កន្លែង នៅចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក្រោមអធិបតី លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានចូលរួមពីប្រធាន អនុប្រធានមន្ទីរ, មេបញ្ជាការ មេបញ្ជាការរងក្រុង/ស្រុក, ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះឲ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធ។