បាត់ដំបងៈ នៅវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច សណ្ឋាគា ខមហ្វតស្តា៣ ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឯល ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
០២. គឹម ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
០៣. វណ្ណា ឆាន្នី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការផ្តល់ដំណឹងពីម្ចាស់សណ្ឋាគារ ថាមានជនសង្ស័យចំនួន០៣នាក់ សង្ស័យមាជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បន្ទាប់ពីបានទទួលដំណឹងភ្លាម លោកមេបញ្ជាការខេត្ត ក៏បានចាត់ចែងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក នាយការិយាល័យបទល្មើសគ្រឿងញៀន ចុះទៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ៣.៤៦ក្រាម
០២. ទូរសព្ទ័ដៃ ចំនួន០៣គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង រួមទាំងសម្ភារៈមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។