ព្រះវិហារៈ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិឈើទាលគង
ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមប្រភពពត៌មានពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ កៅ សុង ហៅចឹក ភេទប្រុស
អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការដ៏ល្អរបស់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដែកដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការមូលដ្ឋាន បានធ្វើការតាមដាននូវសកម្មភាព របស់ជនសង្ស័យខាងលើជាយូរមកហើយ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២២កញ្ចប់
០២. ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់ ចំនួន១៨គ្រាប់
០៣. ទូរស័ព្ទ ចំនួន០១គ្រឿង
០៤. លុយខ្មែរ ៧០.០០០រៀល និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងកសាងសំណុំរឿង បញ្ចូនមកបញ្ជាការដ្ឋានខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី។