ភ្នំពេញៈ ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស ទទួលបន្ទុកការងារអប់រំ បណ្តុះបណ្តាល និងហ្វឹកហ្វឺន បានបើកកិច្ចប្រជុំ និងដាក់ផែនការការងារហ្វឹកហាត់រក្សា សណ្តាប់ធ្នាប់ថ្នាក់វរសេនាតូច ការហ្វឹកហ្វឺននេះមានរយៈពេល ៥ថ្ងៃ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង មានប្រសាសន៍ថា យោងតាមសច្ចាប័នរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើផែនការហ្វឹកហ្វឺនកងរាជអាវុធហត្ថឆ្នាំ២០១៦ និងចំណារឯកភាពចុះថ្ងៃទិ២៧ ខែឧសភា ឆ្នាំ២០១៦ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការស្នើសុំបើក វគ្គហ្វឹកហ្វឺនកងរាជអាវុធហត្ថឆមាស២ ឆ្នាំ២០១៦ និងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងជំនាញប្រតិបត្តិការរក្សាសណ្តាប់ធ្នាប់ និងការពារស្ថិរភាពសង្គម និងដើម្បីប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ ត្រៀមការពារសន្តិសុខ សុវត្ថិភាព និងអន្តរាគមន៍គ្រប់សភាពការណ៍ ដែលកើតឡើងជា យថាហេតុ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានស្នើដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងនិងសេចក្តីកំណត់ផ្សេងៗ ព្រមទាំងបណ្តាស្ថាប័ន អង្គភាព និងកងឯកភាពដែលមានការ ពាក់ពន្ធ ត្រូវយកចិត្តនិងសហការអនុវត្តតាមផែនការកំណត់ ដើម្បីឲ្យវគ្គហ្វឹកហ្វឺននេះដំណើរការទៅដោយរលូន និងទទួល បានជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានបញ្ជាក់ថា ការហ្វឹកហ្វឺនមានរយៈពេល០៥ថ្ងៃ ទ្រឹស្តី ០៣ថ្ងៃ និងអនុវត្ត ០២ថ្ងៃ ដោយរៀនទ្រឹស្តីនិងសមហ្វឹកហាត់តាមផ្នែក ០៣ថ្ងៃ ហាត់សមសរុបគ្រប់ផ្នែក ១ថ្ងៃ និងហាត់ សម្តែងសរុប ០១ថ្ងៃ ចាប់់ផ្តើមការហ្វឹកហាត់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។