បាត់ដំបងៈ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ ហេង ឃុន ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឆន សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០២. សិុន សុខហីុ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៣. មុត ម៉ារ៉ាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បំរើការក្នុងខារ៉ាអូខេ ទីលំនៅភូមិឈើទាល ឃុំ ឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងថាទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងកងរាជអាវុធហត្ថ ក៏បានបញ្ចូនជនសង្ស័យមកបញ្ជាការដ្ឋានខេត្ត ដើម្បីធ្វើការសាកសួរបន្ថែម។
បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យទាំង០៣នាក់បានសារភាពថា រូបគេនៅសល់បក្ខពួក ចំនួន០២នាក់បន្ថែមទៀត ដែលមានឈ្មោះៈ
០១. ហេង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០២. ចាន់ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានចម្លើយសារភាពភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ក៏បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនោះភ្លាមៗ រហូតដល់ម៉ោង ២១ និង៣០នាទីយប់ ថ្ងៃដដែល ដោយធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់ស្មើ ១០.២៤ក្រាម
០២. ម៉ូតូ ចំនួន០២គ្រឿង
០៣. ទូរស័ព្ទ ចំនួន០៦គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។