កំពង់ចាម៖ នៅវេលាម៉ោង ២១ និង ០០នាទី ថ្ងៃ០៤ មីនា ឆ្នាំ២០២២ នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាលជនរងគ្រោះ ឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែងរងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់។
ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីសុំធ្វើការអង្កេត រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញបានស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ រី រ៉ាន់ ភេទប្រុស អាយ២២ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី។