ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយត្រី សែ វុទ្ធី មេបញ្ជាកា រកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង លោកវរសេនីយ៍ត្រី គ្រុយ សុខឡេង ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ជំនួសលោកវរសេនីយ៍ត្រី ប្រាក់ សុជាតិ ដែលទទួលមុខតំណែងជាអនុប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង។
ពិធីប្រកាសនេះ មានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង០៧ លោកអធិការនគរបាលស្រុក លោកមេបញ្ចាការផ្នែកសឹករងស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង០៨ លោកមេឃុំទាំង ១៦ឃុំ លោកនាយប៉ុស្តិ៍នគនរបាលរដ្ឋបាលទាំង ១៦ប៉ុស្តិ៍ និងលោក លោកស្រីតំណាងអង្កភាព ស្ថាប័ននានាទូទាំងស្រុករមាសហែកជាច្រើនរូបផងដែរ។
លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក បានថ្លែងកោតសរសើរដល់កងរាជអាវុធហត្ថស្រុករមាសហែក ដែលរយៈពេលកន្លងមកនេះបានចូលរួមបង្ក្រាបបទល្មើសជាច្រើន និងបានសហការជាមួយកម្លាំងនគរបាល និងយោធាស្រុក បានល្អប្រសើរផងដែរ។លោកក៏បានជម្រាបជូនដល់កងកម្លាំង ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ហើយត្រូវតែប្រឆាំងដាច់ខាត ចំពោះក្រុមអគតិមួយចំនួនដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ និងចង់បំផ្លាញជាតិឯង ដែលប្រជាពលរដ្ឋសព្វថ្ងៃនេះ កំពុងរីករាយនិងសន្តិភាព និងប្រកបការងារដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន។
លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានថ្លែងថា ក្រោមការដឹកនាំបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យសមិទ្ធផលជាច្រើន បានកើតឡើងជាបន្តបន្ទាប់។ លោកបានថ្លែងនូវការកោតសរសើរ ដល់កងរាជអាវុធស្រុករមាសហែក បានការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ និងបង្ក្រាបបទល្មើសបានជាច្រើន និងបានអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ បានល្អប្រសើរ។ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ បានមានប្រសាសន៍ថា ៖
អ្នកដឹកនាំគ្រប់គ្រងអង្គភាព ក្នុងនាមមេបញ្ជាការ ត្រូវគិត០៨យ៉ាងគឺ
១.ការហូបចុករបស់ថ្នាក់ក្រោម
២.ការស្នាក់នៅ
៣.ការស្លៀកពាក់
៤.ការថែរក្សាសុខភាព និងព្យាបាល
៥.ពង្រឹងសមត្ថភាព
៦.ផ្ដល់លទ្ធិភាពដល់ថ្នាក់ក្រោមឱ្យមានជីវភាពល្អប្រសើរ
៧.សរសើរ លើកទឹកចិត្ត ដល់ថ្នាក់ក្រោម និងមានកម្មវិធីជួបជុំ
៨.ត្រូវយកចិត្តទុកដាក់ដល់នាយ នាយរងកងរាជអាវុធហត្ថមូលដ្ឋាន ដែលត្រូវបានចូលនិវត្តន៍ ដែលមានជីវភាពកង្វះខាត។ លោកមេបញ្ជាការក៍បានមានប្រសាសន៍បន្តថា កងរាជអាវុធហត្ថត្រូវមានចំណេះដឹងគ្រប់គ្រាន់ ពិសេសចេះផ្នែក IT។ ត្រូវចូលរួមជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និងសូមឱ្យលោកមេបញ្ជាការ ដែលទើបប្រកាសថ្មីនេះ ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវសហការគ្រប់អង្គភាព ដែលមានពាក់ព័ន្ធដើម្បីបង្ក្រាបនូវរាល់បទល្មើសឱ្យទទួលបានជោគជ័យ៕