You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់ ពាក់ព័ន្ធករណីគ្រឿង

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣៥នាក់ ពាក់ព័ន្ធករណីគ្រឿង

ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខវាលធំ ធ្វើការចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល)។

 

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរ។

 

ចាប់យកវត្ថុតាងម្សៅសថ្លាចំនួន ៦៨ កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហម ១០គ្រាប់, ខ្សៀរសម្រាប់ជក ០៥, ដបសម្រាបជក់ ០៤, ថង់ច្រកមួយចំនួន, កន្រ្តៃ ០៣, អាវុធខ្លី K59 លេខ : ៣៧២៧ ០១ដើម, បង់ ០១, គ្រាប់ ០៦គ្រាប់, ម៉ូតូ ១០គ្រឿង, ទូរស័ព្ទដៃ ១៣គ្រឿង, POWER BANG ០២គ្រឿង, ដាវ ០១ដើម, កាំបិតបុ័ងតោ ០១, ប្រាក់រៀល  ១២០,០០០រៀល ។

 

សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហើយជនសង្ស័យដែលឃាត់ខ្លួនតែងឆ្លើយប្រាប់ថាគ្រឿងញៀន គឺបានទិញពីទីតាំងខាងលើ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនដី ចុះបង្រ្កាបតែម្តង។