ព្រះវិហារ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤:៣២នាទីទាបភ្លឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប បានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាកហៃយ៉ាស់ពណ៌ ទឹកប្រាក់គ្មានផ្លាកលេខ ដឹកជញ្ជូនឈើអារប្រភេទលេខ២ (ឈើទាល) ក្តាចំនួន ១០០សន្លឹក ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ មានម្ចាស់ឈ្មោះ ង៉ូយ មួយលីន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដំរីជាន់ខ្លា សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមចំលើយសារភាពរបស់ឈ្មោះ ង៉ូយ មួយលីន បានសារភាពថា ឈើខាងលើគឺគាត់ដឹកយកមក ដើម្បីធ្វើផ្ទះនៅផ្ទាល់ខ្លួន នៅចំណុចផ្តុំចម្ការអំពៅចិន ហើយគាត់ម្ចាស់ឈើបានយល់ព្រមបង់ពិន័យតាមច្បាប់ស្តីពីព្រៃឈើ។
ចំណែកវត្ថុតាងខាងលើបានប្រគល់ជូនលោក គង់ ប៊ុនហួន នាយរង ផ្នែករដ្ឋបាលព្រៃឈើឆែប ជាអ្នកទទួលថែរក្សាបណ្តោះអាសន្ន។