ភ្នំពេញៈ មុននេះបន្តិច ជនសង្ស័យចំនួន០៦នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមប្រភពពត៌មានពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រៀង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៩ME ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រៀងបានថ្លែងបន្តប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ គឺសុទ្ធតែជាមុខសញ្ញាចាស់ ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមដាននូវសកម្មភាពរបស់ពួកគេជាយូរមកហើយ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣២កញ្ចប់
០២. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង
០៣.ដបជក់គ្រឿងញៀន០២
០៤. លុយដុល្លាចំនួន១០ដុល្លា និងលុយខ្មែរចំនួន៥មុឺនរៀល
០៥. ទូរស័ព្ទ ចំនួន០១គ្រឿង និងថង់ច្រកមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។