កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំប្រចាំត្រីមាសទី២ ឆ្នាំ២០២២ ផ្សព្វផ្សាយផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីផ្សេងៗ នាពេលខាងមុខ និងណែនាំផ្សព្វផ្សាយការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានលើកឡើងថាក្នុងនាមលោកជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច បេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងយប់ទាំងថ្ងៃពុំខ្លាចនឿយហត់ និងសម្រេចបានជោគជ័យជាទីមោនៈ។