ភ្នំពេញៈ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ស៊ុនណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីវបើកវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេត ការចរាចរសារធាតុគីមីផ្សំ និងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់ ដល់នាយ នាយទាហានរង និងពលទាហាននៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាង១០០នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ មានប្រសាសន៍ថា ការបណ្តុះបណ្តាលនេះ ស្របតាមសំណើរ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ បង្រ្កាប ការសារាចរ សារធាតុញៀន និងគីមីផ្សំ ស្របច្បាប់យកទៅផលិតគ្រឿងញៀនខុសច្បាប់ ដល់មន្ត្រីកងរាជអាវុធហត្ថ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្ថែមថា ក្នុងនាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគាំទ្រសកម្មភាពការងារដែល អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ពាំនាំនូវបទពិសោធន៍ផ្សព្វផ្សាយដល់មន្រ្តីកងរាជអាវុធហត្ថ ដើម្បីសិក្សារៀនសូត្រ និងអនុវត្តភារកិច្ច ឲ្យមានប្រសិទ្ធភាព។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ស្តាប់ កត់ត្រា ស្វែងយល់ នូវមេរៀននិងបទពិសោធន៍ ដែលគ្រូឧទ្ទេសនាម ធ្វើបទបង្ហាញនាពេលនេះ ឲ្យបាន១០០% ដើម្បីជាទុនក្នុង ការបំពេញភារកិច្ចនៅអង្គភាពរបស់ខ្លួន។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់ថា អង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត បានជំរុញកម្លាំងកងរាជអាវុធហត្ថត្រូវតែស្រាវជ្រាវ ទប់ស្កាត់ បង្រ្កាបឲ្យខានតែបាននូវបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ កសាងបាននូវសុខដុមរមនានៅក្នុងសង្គមជាតិ។ ក្នុងពិធីនេះ ឯឧត្តម សៀ សម្បត្តិ បានស្នើដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់នូវឧបករណ៍ សម្ភារៈមួយចំនួន តាមរយៈឯកឧត្តម ឧត្តម សេនីយ៍ទោ ដួង ស៊ុនណារ៉ា ជួយបំពេញបន្ថែម ដើម្បីពង្រឹងកិច្ចនីតិវិធី រួមមាន ជញ្ជើងថ្លឹងសារធាតុគ្រឿងញៀន ឧបករណ៍ សម្ភារៈតេសបឋមពិនិត្យសារធាតុញៀន និងតេសបឋមពិនិត្យទឹកនោម។
ក្នុងពិធីនេះឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ស៊ុនណារ៉ា មានប្រសាសន៍ថា ការបំពានគ្រឿងញៀនគឺបង្កើតនូវបញ្ហា ឧក្រិដ្ឋកម្ម បញ្ហាសង្គម ប៉ះពាល់ដល់ការលូតលាស់នៃយុវជនជំនាន់ក្រោយរបស់យើង។ មធ្យោបាយមួយដែលយើងត្រូវ ធ្វើគឺត្រូវកាត់បន្ថយ ទប់ស្កាត់ការផលិតគ្រឿងញៀនខុសច្បាប់ បើមិនមានសារធាតុផ្សំទាំងនេះទេ អ្នកផលិតមិនអាចផលិត គ្រឿងញៀនបានទេ។
ក្នុងនោះ ឯកឧត្តម បានលើកយកពីរមេរៀន មួយបង្ហាញពីវិធីសាស្រ្តតាមដាន ត្រួតពិនិត្យលើសារ ធាតុគីមីផ្សំ មេរៀនទី២ បង្ហាញពីមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់ និងរបៀបបង្វែរសារធាតុស្របច្បាប់ ទៅផលិត សារធាតុគ្រឿងញៀនខុសច្បាប់ និងទី៣ ឯកឧត្តមនឹងលើកយកមាត្រាច្បាប់ នៅក្នុងច្បាប់នៃការត្រួតពិនិត្យគ្រឿងញៀន។