បន្ទាយមានជ័យ៖ ព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។
ពិធីនេះប្រារព្វធ្វើឡើងនៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៩ ព្រមទាំងសិក្ខាកាមចំនួន៧៥នាក់ បានអញ្ជើញចូលរួមផងដែរ ។
ក្នុងពិធីបើកវគ្គបំប៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់គឺអនុវត្តតាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេស ក្នុងមួយឆ្នាំឲ្យបានពីរដង និងមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ចឲ្យបានលទ្ធផលល្អប្រសើរ ហើយក៏ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តភារកិច្ចការងាររក្សាសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរបន្ថែមទៀតផងដែរ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវហ្វឹកហ្វឺនខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់យោធាចារ្យ ក្នុងការបង្ហាត់បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឲ្យបានច្បាស់លាស់ ហើយត្រូវចេះពិភាក្សាផ្លាស់ប្ដូរយោបល់ ផ្ដល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវលើកកម្ពស់ការទំនាក់ទំនងសាមគ្គី រក្សាវិន័យ សីលធម៌ និងការរក្សាសណ្ដាប់ធ្នាប់ក្នុងពេលហ្វឹកហ្វឺន ដើម្បីនៅពេលបញ្ចប់វគ្គ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ។
ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់រូបភាពសរសើររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់នាយអាវុធហត្ថដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបង្ក្រាបគ្រឿងញៀនកន្លងមកចំនួន១០រូបផងដែរ ៕