បន្ទាយមានជ័យ៖ អនុវត្តផែនការហ្វឹកហ្វឺនរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គហ្វឹកហ្វឺន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ដែលមានរយៈពេល១ខែ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែម ក្នុងការអនុវត្តតួនាទី-ភារកិច្ចកងរាជអាវុធហត្ថ ។
លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជាការ ប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដីបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ ដែលមានលោកគ្រូអញ្ជើញមកពីស្ថាប័នសាលាដំបូងខេត្តផងដែរ ថ្ងៃ២៩ ខែ៤ ឆ្នាំ២០២២!