ព្រះសីហនុ៖ នៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យសម្ពោធ និងបញ្ជុះខណ្ឌសីម៉ា ព្រះវិហារថ្មី នៅវត្តសិរីមង្គលសាគរ (បារាជ) ស្ថិតក្នុងភូមិដុងប៊ិញត្រាច់ ឃុំវិញត្រាញ់ ស្រុកចូវថាញ់ ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បាននាំយកនូវបច្ច័យបុណ្យ របស់លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ចូលរួមចាប់មគ្គផលកុសលបុណ្យ ទឹកប្រាក់ចំនួន ៧,០០០$ (ប្រាំពីរពាន់ដុល្លារអាមេរិកគត់) ហើយកម្មវិធីបុណ្យនេះប្រព្រឹត្តិទៅមានរយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។