សៀមរាបៈ ជនសង្ស័យចំនួន០៦នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណិត មេបញ្ជាការ កងរាជអាវុធហត្ថរាជខេត្តសៀមរាប បានថ្លែងប្រាប់ភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៦ និង០០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់នោះ គឺឡើងទៅបានដោយមានការសហការដ៏ល្អ រវាងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការតាមដាននូវសកម្មភាពរបស់ជនសង្ស័យ ទាំងនោះជាយូរមកហើយ លុះដល់ថ្ងៃកើតហេតុ ទើបកម្លាំងកងរាជអាវុធហត្ថមានឱកាសក្នុងការឃាត់ខ្លួនជនសង្ស័យទាំងនោះ ស្របពេលដែលពួកកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២១កញ្ចប់ ដែលមានទម្ងន់ស្មើ ៤.៤៥ក្រាម
០២. ទូរស័ព្ទ ចំនួន០៧គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។