(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់មហាឧបាសិកា ស្រី អឿង ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧៖៣០នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ក្នុងសាររំលែកទុក្ខជូនចំពោះ «ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងក្រុមគ្រួសារ មានក្តីរន្ធត់ចិត្ត និងសោកស្តាយជាអនេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំយ៉ាង ក្រៃលែងចំពោះមរណភាព ឧបាសិកា ស្រី អឿង នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧:៣០នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ព្រោះថាការបាត់បង់ឧបាសិកា ស្រី អឿង គឺជាការបាត់បង់នូវម្ដាយ ជីដូន លោកយាយទួត ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់បំផុត ដែលបានបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូន ចៅ បានក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ខ្ញុំ និងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ស្រី អឿង សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕