បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែតុលា ទិសដៅ ខែវិច្ឆកា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក
ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចំនួន៩៧នាក់។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បានផ្សព្វផ្សាយផែនការ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរចុះសួរសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម មេបញ្ជាការបានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមលទៀតថា គ្រប់គោលដៅឈរជើងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកិច្ចការពារទាំងគោលដៅតាមដងផ្លូវនិងគោលដៅប្រារព្វពិធីផ្សេងៗនិងកម្លាំងល្បាតចល័តផងដែរ។
ក្នុងកិច្ចប្រជុំនោះទៀតដែរ លោកឧត្តមសេនីយ៍ត្រី បានផ្សព្វផ្សាយសរាចរណ៍ណែនាំលេខ០២ សរណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងរថយន្តនាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ និងការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដូចខាងក្រោម:
០១. ឥស្សរជន ឬសាមីមន្ត្រីនៃក្រសួងការពារជាតិិ ០១នាក់នឹងទទួលបានការអនុគ្រោះពន្ធនិងអាករជាបន្ទុករដ្ឋលើរថយន្តតែ០១គ្រឿងតែប៉ុណ្ណោះសម្រាប់បម្រើការងារ។
០២. រថយន្តទេសចរណ៍ដែលគ្មានពន្ធ ហើយស្នើសុំដាក់ពន្ធនិងអាករជាបន្ទុករដ្ឋ ត្រូវស្ថិតនៅក្នុងប្រទេសនិងត្រូវមានបែបបទកត់ត្រាក្នុងបញ្ជីសារពើភណ្ឌ មុនថ្ងៃចេញសារាចរណែនាំលេខ០២ សរណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ ចំពោះរថយន្តដែលនាំចូលក្រោយកាលបរិច្ឆេទនៃការចេញសារាចរណែនាំលេខ០២ ត្រូវគោរពដាច់ខាតតាមស្មារតីនៃសារាចរណែនាំនេះ។
០៣.រថយន្តដែលទទួលបានការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋត្រូវបិទលតាប័ត្រស្របតាមខ្លឹមសារនៃសារាចរណែនាំលេខ០២ និងត្រូវកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយមិនអាចលក់ដូរឬផ្ទេរបានឡើយ។
ក្នុងករណីជំរះបញ្ជីសារពើភណ្ឌត្រូវអនុវត្តន៍តាមនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាធរមានផងដែរ។