ព្រះសីហនុ៖ ដោយទទួលបានអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នា ព្រឹកថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងធ្វើការផ្តាំផ្ញើជូនដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការប្រកាសផ្ទេរភារកិច្ច ផ្លាស់ប្តូរមុខតំណែងថ្មីនាពេលនេះ ត្រូវបន្តយកចិត្តដាក់ ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត និងត្រូវចងចាំចូលរួមអនុវត្តន៍នូវទិសស្លោកដ៏មានតម្លៃរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ” ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ ” និង ” ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ” និងលក្ខណៈសម្បតិ្ត ០៥ចំណុច និងវិធានការផ្ទៃក្នុង ០៩ចំណុច ដើម្បីក្លាយជាមន្រ្តីកងរាជអាវុធហត្ថគំរូ។