You are currently viewing អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈជន

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈជន

សេចក្តីប្រកាសព័ត៌មាន

 

យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង អំពីសារព័ត៌មានមួយចំនួនបានចុះផ្សាយ នាពេលកន្លងទៅ ប្តឹងលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹង​ករណី “ជម្រិតទារលុយពីម្ចាស់ឡានដឹកដី២៥០០ដុល្លារ ទាំងបំពានលើចំណាររបស់តំណាងអយ្យការ” និងចំណងជើងអត្ថបទខ្លះបានសរសេរថា “បែកធ្លាយលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កូសរូសជម្រិតទារប្រាក់ម្ចាស់រថយន្ត ជាងពីរពាន់ដុល្លារ ទើបអនុញ្ញាតអោយយកឡានចេញ”។

និយាយជារួម យើងខ្ញុំ កងរាជអាវុធហត្ថទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាព​ការងារ ប្រតិបត្តិការ និងសីលធម៌របស់យោធិននៃកងរាជអាវុធហត្ថ ដើម្បីឆ្លុះបញ្ជាំង ដកបទពិសោធន៍រកឱ្យឃើញថា ការបំពេញតួនាទី ភារកិច្ចនោះ ទទួលបានផលវិជ្ជមាន ឬអវិជ្ជមាន ប៉ុន្មានភាគរយ។ នៅពេលប្រជុំដកពិសោធន៍ វាយតម្លៃការងារដែលបានបំពេញរួច តាមរយៈព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ និងការអនុវត្តផ្ទាល់ បើវាជាផលអវិជ្ជមាន យើងខ្ញុំនឹងធ្វើការអប់រំ ដាក់វិន័យទណ្ឌកម្ម ប្រសិនបើយោធិននៃកងរាជអាវុធហត្ថ បានប្រព្រឹត្តនូវកំហុសឆ្គង អសីលធម៌ ឬវិន័យកងទ័ព។ ប៉ុន្តែបើយោធិននៃកងរាជអាវុធហត្ថណាបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យើងនឹងអនុវត្តច្បាប់តាមនីតិវិធីមិនមានការលើកលែងឡើយ ស្របនឹងទិសស្លោកដែលបានដាក់ចេញដោយ​ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាប​ជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា ក្រោយពីទទួលបាននូវព័ត៌មាននេះ អនុវត្ត​តាមគោលគំនិត ការដឹកនាំរបស់ឯកឧត្តម ​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា​ការ​រង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរ​បាល​​យុត្តិធម៌ បានធ្វើការស្រាវជ្រាវអង្គហេតុនេះ រកឱ្យឃើញការពិត ស្របនឹងច្បាប់ បទវិន័យទូទៅ និងក្រមសីលធម៌។ កិច្ចស្រាវជ្រាវបានបង្ហាញថា លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មិនបានប្រព្រឹត្តអំពើល្មើសច្បាប់ និងខុសបទវិន័យកងទ័ព ដូចដែលសារព័ត៌មានមួយចំនួនផ្សព្វផ្សាយ កន្លងទៅនោះទេ។ ទន្ទឹមនឹងនោះ ម្ចាស់រថយន្តនិងគ្រឿងចក្រ ក៏បានបំភ្លឺថា លោកវរសេនីយ៍ឯក ដួង វិចិត្រ ពុំបានជម្រិតទារលុយដូចការចុះផ្សាយទេ។

កងរាជអាវុធហត្ថ រងចាំទទួលនូវព័ត៌មាន និងភស្តុតាងទាំងឡាយណាដែលពាក់ព័ន្ទនឹងអំពើល្មើសខាងលើនេះ ជាមួយគ្នានេះដែរ ខ្ញុំបាទសុំឱ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ កែតម្រូវនូវអត្ថបទរបស់ខ្លួន ដើម្បីឱ្យសាធារណជនទទួលបាននូវព័ត៌មានពិត។

 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

 

ឧត្តមសេនីយ៍ត្រី អេង ហ៊ី

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស