You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តសទ្ធារាម ហៅវត្តព្រៃព្រែ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តសទ្ធារាម ហៅវត្តព្រៃព្រែ

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងបុត្រ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងវត្តសទ្ធារាម ហៅវត្តព្រៃព្រែក និងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូសត្ថាមុនីគណៈមហានិកាយ ប្រាក់ សុខ ចៅអធិការវត្តសទ្ធារាម ជាពាកុលមុនី រាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ ស្ថិតនៅភូមិព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង

 

លោក ឧត្តមសេនីយ៍បានមានប្រសាសន៍ថាឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមពាំនាំនូវបណ្តាំ សាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ជូនចំពោះលោកយាយ លោកតា និងបងប្អូនទាំងអស់ ព្រមទាំងសូមបួងសួងវត្ថុស័ក្តិសិទ្ធិទាំងឡាយតាមជួយថែរក្សាព្រះសុខភាព ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល សូមប្រកបនូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់កិច្ចការងារទាំងអស់។

លោក ឧត្តមសេនីយ៍ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ និងពុទ្ធិបរិស័ទជិតឆ្ងាយ ក្រុមការងារចុះជួយឃុំម្រាម និងមន្ត្រីរាជការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ដែលបានផ្តួចផ្តើមគំនិត និងបរិច្ចាកកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ពេលវេលា ធនធាន រួមគ្នាកសាងបាននូវសមិទ្ធផលនានា ដែលជាសំណង់រឹងមាំ ដូចលោកមេឃុំម្រាមបានរៀបរាប់ និងជម្រាបជូនអំពីការចំណាយថវិការហូតដល់៤៦៦,១៦៦ដុល្លារ និងនៅជំពាក់ថវិកាជាង៦ម៉ឺនដុល្លារ។ សំណង់ទាំងនេះ ទុកតម្កល់ជាទីសក្ការៈ ​សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទានតាមពុទ្ធសាសនារបស់យើង។

ការប្រារព្ធពិធីនាថ្ងៃនេះ ស្របជាមួយនឹងទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយយើងនឹងប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមវត្តទាំងមូលត្រូវបំផ្លាញខ្ទេចខ្ទី ពិ​តណាស់សមិទ្ធផលនេះមិនអាចកើតឡើងបានឡើយ បើប្រទេសគ្មានសន្តិភាពពេញលេញនោះ ដូច្នេះការទទួលបាននូវសមិទ្ធផលថ្មី ខ្ញុំព្រះករុណា ខ្ញុំបាទ សូមអរគុណសន្តិភាព ដឹងគុណស្ថាបនិកមគ្គទ្ទេសក៍ឯក និងប្រតិ​បត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសទាំងមូល ចាប់ពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ន។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើងរួមគ្នាកសាង​នូវសមិទ្ធផលជាច្រើន នៅគ្រប់ទីកន្លែង រួមទាំងសមិទ្ធផលយើងនៅទីនេះផងដែរ។

យើងបានដឹងទាំងអស់គ្នាហើយថា ជាងពីរឆ្នាំនេះ ពិភពលោកទាំងមូលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងពីការប្រគួត​ប្រជែងផលប្រយោជន៍រវា​ងប្រទេសធំៗ ដណ្ដើមយកភូមិសាស្ត្រនយោបាយ និងចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងមណាសព្វាវុធជាដើម។ មិនតែប៉ុណ្ណោះសង្រ្គាម រុស្សី-អ៊ុយក្រែន បានជះឥទ្ធិពលអាក្រក់ដល់នយោបាយ សេដ្ឋកិច្ច ការទូតមកលើប្រទេសយើងថែមទៀតផង។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសបញ្ចៀសពីវិបត្តិ និងឥទ្ធិពលទាំងនេះប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ។ ក្នុងអំឡុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវិដ១៩ ការសម្រេចចិត្តត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលនោះ គឺការយកវ៉ាក់សាំងធ្វើជាឆ្អឹងខ្នង ចាក់វ៉ាក់សាំងជូនដល់អ្នកជួរមុខ និងប្រជាពលរដ្ឋដោយឥតគិតថ្លែ គួបផ្សំនឹងវិធានការសុខាភិបាល ជាមួយនឹងវិធានការដាក់ចេញដោយសម្តេចតេជោ “៣កុំ ៣ការពារ” ជាលទ្ធផលប្រទេសកម្ពុជាយើង ឈរនៅលំដាប់លេខរៀងទី២ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវិដ-១៩។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញ ទន្ទឹមគ្នានោះកាតព្វកិច្ចពាក់ម៉ាសក៏ត្រូវបានបន្ធូរ ទុកសិទ្ធិជូនប្រជាពលរដ្ឋយើង ធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ ឬមិនពាក់ក៏បាន លើកលែងតែនៅកន្លែងប្រមូលផ្តុំជួបជុំមនុស្សច្រើន ដូចជាពេលនេះជាដើម ឬកន្លែងបិទជិត និងការធ្វើដំណើរដោយរថយន្តសាធារណ ឬរថយន្តឈ្នួលមានគ្នាច្រើនជិះជាដើម។ ការបើកប្រទេសនេះ បានទាក់ទាញអ្នកវិនិយោគ និង​ភ្ញៀវទេសចរណ៍ សេដ្ឋកិច្ចប្រទេសយើង មានភាពនឹងហ្ន ហើយចំណូលពន្ធដារក្នុងប្រទេសបានកើនឡើងដែលពុំធ្លាប់មាន រីឯពន្ធគយក៏ចាប់ផ្តើមមានសន្ទុះកើនឡើងជាលំដាប់ផងដែរ។ កត្តាដូចជម្រាបជូនខាងលើ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម និងវិបត្តិជាសកលក្តី តែប្រទេសកម្ពុជានៅតែបន្តជាធម្មតា នូវការដ្ឋានសាងសង់ហេដ្ឋារចនាសម្ពន្ធនានា ដូចជាថ្នល់ ស្ពាន អគ្គិសនី ធារា​សាស្ត្រ ។ល។

រីឯព្រឹត្តិការណ៍នយោបាយវិញ ប្រទេសកម្ពុជាយើង នឹងរៀបចំការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ហើយចាប់ពីថ្ងៃទី២១ ឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ជាថ្ងៃឃោសនាបោះឆ្នោត ថ្ងៃទី០៤ ជាថ្ងៃស្ងប់ស្ងាត់ និងថ្ងៃទី០៥ គឺជាថ្ងៃដែលយើងទាំងអស់គ្នាបំពេញកាតព្វកិច្ចជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា។ ខ្ញុំសូមអំពាវនាវ យាយតា អ៊ំពូមីង បងប្អូនដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះសន្លឹកឆ្នោតមួយសន្លឹកនេះមានសារៈសំខាន់ណាស់ ជាការចូលរួមចំណែកកសាង រក្សា ការពារ និងអភិវឌ្ឍប្រទេសយើង និយាយរួម ដោយឡែកគឺយើងបានចូលរួមចំណែកក្នុងឃុំម្រាមយើងនេះ។ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ប្រជាពលរដ្ឋយើងចូលរួមដង្ហែដោយសារយើងស្រលាញ់គណបក្សប្រជាជន ស្រលាញ់គោលនយោបាយ ការដឹកនាំរបស់បក្សនាពេលកន្លងទៅ ប៉ុន្តែខ្ញុំបាទសុំចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជៀសវាងការបង្កអំពើហិង្សា ឬស្តាប់តាមជនទុច្ចរិតបង្កការអុកឡុកបំផ្លាញការបោះឆ្នោត បើយើងស្តាប់ការឃោសនា ញុះញង់ ហើយចូល​រួមប្រព្រឹត្តបទល្មើស យើងនឹងមានទោស ព្រោះច្បាប់នៃប្រទេសយើងបានចែង មិនគិតអំពីទិន្នាការនយោបាយ ឬមុខដំណែងទេ ទទួលទោសតាមច្បាប់ស្មើគ្នាទៅតាមទង្វើដែលបានប្រព្រឹត្ត។

ចុងបញ្ជប់លោក ឧត្តមសេនីយ៍ បានរំលឹកថា ការរកថវិកា និងកៀរគរសប្បុរជន ដើម្បី​កសាងសំណង់ដែលរៀបរាប់ខាងលើ ពិតជាលំបាក និងប្រើរយៈពេលយូរឆ្នាំណាស់ តាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននៅមិនរួចរាល់ជាស្ថាពរផង តាមរបាយការណ៍នៅខ្វះថវិកាចំនួនជាង៦ម៉ឹននដុល្លារទៀត។ តាមការពិសោធន៍ ការថែរក្សាវារិតតែលំបាកជាងការកសាងទៅទៀត ក្នុងន័យនេះ ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាយកចិត្តទុកដាក់ថែរក្សា អនាម័យ ដើម្បីឱ្យសំណង់ទាំងអស់បានយូរអង្វែង បម្រើវិស័យព្រះពុទ្ធសាសនាយើង និងសូមប្រគេនពរ និងជូនពរជនរួមជាតិ ពុទ្ធបរិស័ទទាំងអស់ អង្គពិធីទាំងមូលសមប្រកបទៅដោយពុទ្ធពរ ពរទាំងឡាយ ៥ ប្រការ កុំអាក់ខានដោយប្រការណាមួយឡើយ។