បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ។
លោក វរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា៖ ការប្រើប្រាស់ដំបងខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម។ល។
បន្ថែមពីនោះគឺរៀនទ្រឹស្ដី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងដែលជាសិក្ខាកាម ដែលបានហ្វឹកហ្វឺនរៀនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេញ១ខែកន្លងមកនេះ។
លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ទៀតថា៖ ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អ។ លោក ឧត្តមសេនីយ៍បានបន្តថា កងទ័ពត្រូវរួមចិត្តថ្លើមគ្នា ដើម្បីសម្រេចនូវកិច្ចការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វើឲ្យបាន។
លោក ឧត្ដមសេនីយ៍ ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកើតចេញពីការរួបរួមគ្នាសាមគ្គីសហការគ្នាយល់ពីតួនាទី-ភារកិច្ចរបស់ខ្លួនដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ទៅប្រព្រឹត្តនូវអំពើរដែលផ្ទុយនឹងច្បាប់នោះទេ។ បើមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់អង្គភាពគឺមិនការពារឡើយ ត្រូវអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថាក្នុងពិធីបិទវគ្គ “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ ចំនួន៤មេរៀន ដូចជា៖ ១- ថ្នាក់កងអនុសេនាធំធ្វើការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ , ២- សម្ភារៈចាប់ជនបង្កមានកាំបិត និងដំបង, ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ, ៤-បង្ហាញក្បាច់គុណផងដែរ៕