ស្វាយរៀង៖ នៅវត្តកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក វេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធប្រជាជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលព ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាសមាជិក សមាជិកា ប្រជាពលរដ្ឋ ប្រមាណជាច្រើននាក់។
រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់ ។
២០ ឧសភា ពេលមុនគឺជាទិវាចងកំហឹង ប៉ុន្តែ២០ ឧសភា ពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវ័ន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ដោយអយុត្តិធម័ ក្នុងរបបខ្មែរក្រហម។