ព្រះវិហារ៖ នៅវេលាម៉ោង ២០ និង១១នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅភូមិសែនរ៉ុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការចុះបង្ក្រាបករណីរថយន្តធំដឹកជញ្ជួនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយធ្វើការឃាត់រថយន្តម៉ាកវេអងអូសរឺម៉កក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៣ D៧១៤២ និងរ៉ឺម៉កពាក់ស្លាកលេខកំពង់ធំ៤A ០០០៩ ដោយមានផ្ទុកឈើប្រភេទលេខ២(ឈើគ្រឿងផ្ទះ)។ ដោយស្ថានភាពយប់ងងឹងកម្លាំងបានធ្វើការយាមការពាររថយន្តរហូតមកដល់វេលាម៉ោង០៨ និង៤០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត បានឲ្យកម្មករបន្តការលើកឈើដែលនៅសល់មិនទាន់លើកអស់ លើកដាក់លើរថយន្តពេលដែលកំលាំងកម្មករកំពុងលើកឈើឡើងលើរថយន្តបានប្រហែលជា១ម៉ែត្រគីប ពេលនោះម្ចាស់ផ្ទះឈ្មោះ ឡាញ់ ម៉ាប់ បានដើរចូលទៅក្នុងផ្ទះប្រហែលជាមួយនាទី ក៏ស្រាប់តែមានភ្លើងឆេះចេញពីក្នុងផ្ទះរបស់ឈ្មោះ ឡាញ់ ម៉ាប់ ពេលនោះជំនាញរដ្ឋបាលព្រៃឈើបានឲ្យម្ចាស់រថយន្តបើកចេញពីកន្លែងកើតហេតុមកចតនៅលើចញ្ចើមផ្លូវកៅស៊ូចម្ងាយប្រហែលជា៨០០ម៉ែត្រការពារខ្លាចភ្លើងឆេះ ចំណែកឈ្មោះ ឡាញ់ ម៉ាប់ បានឈរនៅមុខផ្ទះហើយស្រែកថាពួកអាមេព្រៃមកប្លន់ឈើខ្ញុំហើយដុតផ្ទះខ្ញុំទៀត។ ពេលនោះភ្លើងក៏កាន់តែឆេះខ្លាំងឡើងសន្ធោរសន្ធៅ រហូតឆេះទាល់តែអស់ទាំងស្រុង បន្ទាប់មកឈ្មោះ ឡាញ់ ម៉ាប់ ត្រូវបាននាំខ្លួនយកទៅកងពលតូចអន្តរាគមន៍លេខ៩ ដើម្បីធ្វើការសាកសួរអំពីដំណើររឿងខាងលើ។
១.ម្ចាស់ផ្ទះនិងម្ចាស់វត្ថុតាង(ឈើ) ឈ្មោះ ឡាញ់ ម៉ាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិសែនរ៉ុងរឿង១ ឃុំទឹកក្រហមស្រុកជាំក្សាន្តខេត្តព្រះវិហារ
២.ម្ចាស់រថយន្តឈ្មោះ សេះ ឡៃ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរដឹកទំនិញ ទីកន្លែងកំណើតភូមិជ័យ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សវែង ឃុំសាលាវិសយ័ ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។
លទ្ធផលការវាស់វែងវត្ថុតាងឈើសរុបរួមចំនួន១១.៨៤៦ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាង និងរថយន្តរក្សាទុកនៅថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។