សៀមរាបៈ ជនសង្ស័យចំនួន១៧នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។ បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០០ និង០៥នាទីអធ្រាត្រ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់ ២,៧៣ក្រាម
០២. ទូរស័ព្ទចំនួន១៣គ្រឿង និងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។