បន្ទាយមានជ័យៈ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ស្ថិតនៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មុី យីងចៀន ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅបណ្ដោះអាសន្ននៅកាសុីណូហ្គេនទីង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងទៅលើឈ្មោះ អាន ស៊ូអុីង ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន ស្នាក់បណ្ដោះអាសន្ននៅកាសុីណូហ្គេនទីង នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១០ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យបានមកអង្វរសុំខ្ចីប្រាក់ពីជនរងគ្រោះចំនួន៣០០.០០០យន់(បីសែនយន់ប្រាក់ចិន)ហើយបានធ្វើកិច្ចសន្យាមួយច្បាប់ជាភាសាចិន ដោយព្រមព្រៀងគ្នាថា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ សន្យាសងវិញគ្រប់ចំនួន លុះដល់ថ្ងៃសន្យាហើយ ប៉ុន្តែជនសង្ស័យមិនបានអនុវត្តតាមកិច្ចសន្យា ក៏ជនរងគ្រោះសម្រេចចិត្តមកប្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ។
ជនសង្ស័យ ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។