ឧត្តរមានជ័យៈ កម្លាំងស្នាក់ការសន្តិសុខប្រចាំអូរស្មាច់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សុខ ឆននាយការិយាល័យ ការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីលួច។ បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៨ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សំ ប៊ុនហេង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដើមជ្រៃ សង្កាត់ អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនស្របពេលដែលគេកំពុង ផ្លោះរបងចូលក្រុមហ៊ុនអូរស្មាច់រីសត ដើម្បីចូលកាត់ឈើក្រញូង។
បន្ថែមពីនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រណាកន្ទុយត្រី ចំនួន០១
០២. ពូថៅ ចំនួន០១
០៣. ផ្លែចបជីក ចំនួន០១
០៤. ដែកប្រលៀកដាប់ឈើ ចំនួន០១
០៥. ដែកឆាបធ្មេញរណា ចំនួន០១
០៦. ដែកពត់ធ្មេញរណា ចំនួន០១
០៧. ពិល ចំនួន០២
០៨. វ៉ែនតា ចំនួន០១
០៩. ខ្សែអង្រឹងប្រវែង៣,៥០ម៉ែត្រ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។