ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង សហការជាមួយ កម្លាំងស្នាក់ការ៧៤៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។ បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០៧ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច រោងសិប្បកម្ម ដុងក្រឡ ភូមិឬទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សៅ ប៊ុនធឿន ភេទប្រុស មុខរបរបើករោងសិប្បកម្ម នៅដុងក្រឡ ភូមិឬទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់អោយចូលខ្លួនលេខ ១០៤ ដកបន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ចេញដោយលោក គង់ កូមិន្ទ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនចៅក្រម ដើម្បីចាត់ការបន្តតាមនីតិវិធី។