(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរងផងដែរ ។
លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទាំងអស់ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យបានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវរហូតទទួលបានការលើកទឹកចិត្ត និងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។
ទន្ទឹមជាមួយគ្នានោះ ដែរលោកឧត្ដមសេនីយ៍ ក៏បានណែនាំ និងជំរុញបន្ថែមទៀតដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ គឺ ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។