ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវផុស ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១៣ និង៣០នាទី រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិឫទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ថាត់ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ទឹកកក ទីកន្លែងកំណើត ឃុំតាអូរ ស្រុកគីរិវង់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិឫទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ភ្នាក់ងារ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ០.៩០ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង
០៣. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
០៤. លុយខ្មែរចំនួន ៤០០០០រៀល និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។