បន្ទាយមានជ័យៈ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យជំនាញលើការងារភស្ដុភារ សម្ភារ:បច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ទៀវ ប៊ុនខេង
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសម្ភារ:បច្ចេកទេស និងដោយមានការចូលរួមពីសំណាក់ លោកវរ:សេនីយ៍ឯក វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៍ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកប្រធានមន្ទីុរ និងនាយ នាយរងការិយាល័យចំណុះមន្ទីរសម្ភារ:បច្ចេកទេសបានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យ សម្ភារ:បច្ចេកទេសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានលើកយកចំណុចសំខាន់ៗ មកធ្វើការផ្សព្វផ្វាយដល់កងកម្លាំងមន្ទីរសម្ភារ:បច្ចេកទេសទាំងអស់អោយបានយល់ដឹងអំពី ការងារផ្គត់ផ្គង់ចិញ្ចឹមទ័ព ការងារសាងសង់ ជួសជុលជំរុំជម្រក ការងារថែទាំសុខភាព ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសម្ភារៈបរិក្ខា ការងារគ្រឿងបំពាក់ ការងារបច្ចេកទេស និងការងារបញ្ជូនសារជាដើម។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានធ្វើការផ្តាំផ្ញើដល់កម្លាំងជំនាញទាំងអស់ ដែលបានចូលរួមប្រជុំថ្ងៃនេះ ត្រូវបន្តការងារថែទាំសមិទ្ធិផលនិងសម្ភារ:ដែលមាន អោយបានល្អប្រសើរ។
ឯកឧត្ដម បានមានប្រសាសន៍បន្តទៀតថា គ្រប់ បញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវបន្តយកចិត្តទុកដាក់លើការងារចិញ្ចឹមទ័ព សុខភាព អនាម័យ ដល់នាយនាយរងនិងពលអាវុធហត្ថ ក្នុងអង្គភាព បន្តលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយកាន់តែល្អប្រសើរមួយកំរិតថែមទៀត។
ឯកឧត្ដម បានបន្តទៀតថា កម្លាំងជំនាញមន្ទីរភស្តុភាបច្ចេកទេសទាំងអស់ត្រូវចេះថែរក្សាយានយន្តអោយបានល្អដើម្បីធានាក្នុងការប្រតិបត្តិការនិងត្រូវថែរក្សាដុះខាត់អាវុធ គ្រាប់ អោយបានល្អផងដែរ៕