ក្រចេះៈ នៅវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសម្បូរ បានធ្វើការចាប់យកឈើប្រណិតប្រភេទលេខ១ (សុក្រម) ចំនួន១០២សន្លឹក ដែលឈ្មួញបានយកមកផ្ញើនៅផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសម្បូរ ខេត្តក្រចេះ ។
នេះបើយោងតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា មូលហេតុដែលឈ្មួញរកស៊ីឈើខុសច្បាប់នោះ យកឈើប្រណិតទាំងនោះមកផ្ញើនៅ ផ្ទះប្រជាពលរដ្ឋ កើតហេតុខាងលើ ដោយសារមូលហេតុ ផ្លូវមានស្ថានភាពលំបាក ក្នុងការដឹកឈើចេញទៅ។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យជាឈ្មួញត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។