You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី សំ តុលា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

កណ្តាល៖ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ មេបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង.ស្រុកទាំង ១១ គ្រូឧទ្ទេសនាម និងសិក្ខាកាម (ចំនួន ៧៩នាក់)។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានណែនាំផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ពេលកំពុងរៀនសូត្រ ត្រូវយកចិត្តទុកដាក់ស្តាប់ក្រេបជញ្ជក់យកចំណេះដឹងដែលបានសិក្សារៀនសូត្ររួច ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនោះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ទោះឋិតនៅក្នុងតម្លៃណាក៏ដោយ ដើម្បីស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។