កណ្តាល ៖ រសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បាននាំយកថវិកាដែលបានមកពីការចូលរួមដោយស្ម័គ្រចិត្តពីនាយទាហាន នាយទាហានរង និង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ចំនួន ៥,០០០,០០០រៀល និងអង្ករចំនួន ០២តោន ទៅប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ក្នុងឱកាសនោះ ឯកឧត្តម ប្រធាន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរ ពីសន្តានចិត្តដ៏សប្បុរសធម៌ ថ្លៃថ្លា ជូនចំពោះលោក មេបញ្ជាការ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងអង្ករមួយចំនួន ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។ ព្រមទាំងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះលោក មេបញ្ជាការ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំង៥ ប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។